កូនអត្ថបទ«សំពត់រហែក»
ឆ្លងកាត់រឿងរ៉ាវសំពត់រហែកប៉ុន្មានថ្ងៃនេះរួចមកបានបង្ហាញឲ្យដឹងថា ចំពោះមនុស្សជាច្រើនដែលចេះដឹងនិងស្រលាញ់ពុទ្ធសាសនានោះ គេមិនពេញចិត្តនឹងការផ្សាយផ្ទាល់(live)ដំណឹងរឿងអវិជ្ជមាន
របស់បុគ្គលអ្នកបួសប្រព្រឹត្តប្រាសចាកគន្លងវិន័យនិងស្ត្រីសំពត់រហែកប្រឹងហែកថែមបង្ហាញគេឯងនោះឡើយ។ផ្ទុយទៅវិញចំពោះអ្នកដែលប្រឹងផ្សាយផ្ទាល់និងចែកចាយដំណឹងនោះគេមិនស្រលាញ់ពុទ្ធសាសនានិងកិត្តិយស កេរ្តិ៍ឈ្មោះមុខមាត់ជនជាតិខ្មែរឡើយ ព្រោះនោះជាការផ្សាយនូវរឿងអាស្រូវញាំញីប្រពៃណីនិងតម្លៃស្ត្រីក្នុងសង្គមខ្មែរផង និងធ្វើឲ្យប៉ះពាល់កិត្តិយសព្រះសង្ឃទូទៅក្នុងពុទ្ធសាសនាផង គិតទៅការផ្សាយដំណឹងសម័យនេះជ្រុលពេកហើយ បើរឿងអាស្រូវមួយនៅប្រទេសខ្មែរគេផ្សាយផ្សាយយ៉ាងហ្នឹងវានឹងជះឥទ្ធិពលអាក្រក់ទៅកាន់មនុស្សទូទាំងពិភពលោកយ៉ាងណាទៅ! ឬមួយអ្នកស្មានថាក្នុងពិភពលោកក្រៅពីខ្មែរគេគ្មានរឿងនេះមែនទេ? បើយល់ដូច្នេះមែននោះគឺជាការយល់ច្រឡំធំហើយ តាមការពិតនៅប្រទេសផ្សេងៗ ជាតិសាសន៍ផ្សេងក៏មានរឿងបែបនេះមិនខ្វះនោះទេ តែគេចេះរក្សាតម្លៃជាតិសាសន៍គេ គេមិនងាយឲ្យពិភពលោកដឹងសុះសាយនោះឡើយ។ បើយើងជាជនជាតិខ្មែរដូចគ្នាមេចក៏មិនចេះទុកមុខមាត់ឲ្យគ្នាខ្លះផង ហើយក៏ត្រូវតែទុកមុខមាត់ឲ្យជាតិខ្មែរទាំងមូលដែរ។សូមបងប្អូនអ្នកចូលចិត្តផ្សាយដំណឹងអាស្រូវនេះ ពិនិត្យ ពិចារណានូវ សំណេររបស់សំឡេងយុវជនឥស្លាមខាងក្រោមនេះផង ដល់ថ្នាក់ពួកគាត់ដែលកាន់សាសនាផ្សេងខ្មាសជំនួសយើងទៅហើយ តើយើងមានពាក្យអីនិយាយទៀត! ជាសំណូមពរ បើមានករណីបែបនេះកើតឡើងពេលក្រោយ សូមព្រះវិន័យធម៌សង្ឃនិងក្រសួងធម្មការឬអាជ្ញាធរមានសមត្ថកិច្ចដែលចុះទៅដោះស្រាយអធិករណ៍ មេត្តាដោះស្រាយដោយស្ងប់ស្ងាត់ កុំអនុញ្ញាតឲ្យផ្សាយពាសពេញពិភពលោកទៀតអី៕
៩រោច ខែជេស្ឋ ២៥៦២ (០៧ ០៦ ២០១៨)
ដោយមហាលាង សុវណ្ណ