Pages

Monday, April 30, 2018

Good Morning

ពេលណាយេីងឈប់ធ្វេីខ្លួនជាគោ នោះយេីងនឹងឈប់ភ័យខ្លាចខ្លាសុីទៀតហេីយ

Friday, April 27, 2018

គុណធ៌ម

បេីសិនជាបុគ្គលទាំងអស់  សុទ្ធតែយល់ អ្វីទៅជាគុណធម៌នោះ គឺល្អហេីយ  ប៉ុន្តែពួកគាត់យល់ច្បាស់នោះ  គឺគាត់គិតថា  អ្វីដែលគាត់គិត   អ្វីដែលពួគាត់ធ្វេី  អ្វីដែលពួកគាត់និយាយគឺជាសុទ្ធតែជារឿងត្រឹមត្រូវទាំងអស់   គាត់មិនដែលគិតថាខ្លួនឯងខុសទេ ចំនុចទាំងនេះហេីយដែលជារឿងលំបាក។  ក្នុងសម័យព្រះសម្មាសម្ពុទ្ធ  ការងារសំខាន់មួយក្នុងចំណោមពុទ្ធកិច្ច ទាំងឡាយ ការការសម្ដែងនូវធម្មទាន ដល់បុគ្គលទាំងឡាយ   ធម្មទាននេះ គឺជារិយទាន ដែលអាចជួយដុះខាត់ការគិតរបស់បុគ្គល់ទាំងឡាយអោយចេះគិត  វិភាគ  សម្រេច  ប្រកបដោយគុណធម៌  សច្ចធម៌  ការវាចាកនូវ  កាយកម្ម   វិច្ចិយកម្ម  និងមនោកម្ម ។ ការវាចាកនូវអគតិ ៤ យ៉ាងគឺ  ទោសាគតិ  មោហាគតិ ឆន្ទាគតិ  និងភ័យាគតិ............ជាដេីម   ដែលចំណុចទាំនេះហេីយដែលជាផ្នែមួយនៃគុណធម៌។

Wednesday, April 25, 2018

និយាយពីឆ្កែ

ដោយស្វាងងងុយ យប់នេះធ្វើអោយខ្ញុំនឹកឃើញរឿងមួយដែលបានដក់ជាប់នៅក្នុងអារម្មណ៏របស់ខ្ញុំតាំងពីតូច៖

ឆ្កែស្រុក និងឆ្កែព្រៃ៖

ថ្ងៃមួយបុរសម្នាក់បានដើរចេញទៅបរបាញ់សត្វព្រៃ គាត់បានបណ្តើរឆ្កែរបស់គាត់មួយក្បាលទៅជាមួយផងដែរ គ្រាន់បាននឹងជួយម្រួលការងារគាត់។ ទៅដល់ក្នុងព្រៃជ្រៅទៅ ឆ្កែនោះក៏វង្វេងម្ចាស់ ដោយមិនដឹងថាម្ចាស់របស់ខ្លួននៅទីណា។ គ្នាក៏បានដើររកម្ចាស់ រកហើយរកទៀត រកមិនឃើញទាល់តែសោះ។ ហើយគ្នាក៏បានដើររហូតដល់បានពើបប្រទះនឹងឆ្កែព្រៃមួយក្បាលដែលមានរូបរាងកាយស្គម ដងខ្លួនប្រឡាក់ដីយ៉ាងស្រម៉េមស្រម៉ាម។ ឃើញដូច្នោះឆ្កែទាំងពីរក៏បាននិយាយគ្នា ហើយសុំរាប់អានគ្នាជាមិត្ត។ ពួកគេទាំងបានសាកសួរអំពីគ្នាជាច្រើន៖

ឆ្កែស្រុក៖ សម្លាញ់ តើរាល់ថ្ងៃសម្លាញ់ឯងបានអីចិញ្ចឹមជីវិតទៅ? មើលទៅរូបរាងសម្លាញ់ឯង ហាក់បីដូចជាស្គមណាស់។

ឆ្កែព្រៃ៖ ខ្ញុំបានរៀននិងមានភាពស៊ាុំជាមួយនឹងការរស់នៅតាមរបៀបជាសត្វព្រៃ។ ខ្ញុំបានរកសីុដោយការចាប់សត្វនានាមកធ្វើជាអាហារ ឆ្កែព្រៃដូចជាពួកខ្ញុំ សីុអាហារមិនរើសទេ មានអីសីុហ្នឹង ជួបអីចាប់ហ្នឹង។ ជួនកាលពួកខ្ញុំត្រូវប្រយុទ្ធដណ្តើមអាហារគ្នារហូតដល់មានរបួសធ្ងន់ធ្ងរទាំងសង្ខាង។ ជួនកាលអាហារដែលខ្ញុំរកបានហើយ បែរជាត្រូវសត្វធំៗដូចជា ខ្លា តោ មកឆក់ដណ្តើមយកទៅបាត់ក៏មាន។ ម្លោះហើយរឿងការហូបចុករបស់ពួកខ្ញុំដូចជាមិនគាប់ប្រសើរណាស់ណាទេ។ ជួនមានជួនអត់ អញ្ចឹងឯង។

ឆ្កែស្រុក៖ បងខុសពីខ្ញុំ។ រាល់ថ្ងៃខ្ញុំមានបាយម្ហូបសីុស្រាប់ ម្ចាស់របស់ខ្ញុំជាអ្នកថែរក្សារ៉ាប់រងមើលថែខ្ញុំ គាត់ដាក់បាយអោយខ្ញុំសីុគ្រប់គ្រាន់ មិនដែលខកខានទេ។

ឆ្កែព្រៃ៖ ចុះការងារឯងរាល់ថ្ងៃធ្វើអីខ្លះ?

ឆ្កែស្រុក៖ ការងាររបស់ខ្ញុំគឺត្រូវចាំផ្ទះ ម្ចាស់របស់ខ្ញុំដាក់ច្រវ៉ាក់អោយខ្ញុំដេកយាមផ្ទះ នឹងអាលផ្តល់ដំណឹងដល់គាត់នៅពេលមានមនុស្សចម្លែកចូលមក។ ម្តងម្កាល ម្ចាស់ខ្ញុំយកខ្ញុំចេញមកបរបាញ់សត្វដែរ។

ឆ្កែព្រៃ៖ ចុះម្ចាស់របស់ឯងមានដែលបង្អត់ចំណីឯងឬវាយធ្វើបាបឯងទេ?

ឆ្កែស្រុក៖ រឿងចំណីនោះម្តងម្កាលដែរ នៅពេលដែលគាត់រវល់ ឬភ្លេច គាត់ក៏មិនបានអោយ ប៉ុន្តែវាមិនមែនជារឿងធំដុំទេ អត់មួយពេលក៏មិនជាបញ្ហាអីដែរ។ ចំណែករឿងវាយដំខ្ញុំវិញគឺកម្រណាស់ ព្រោះខ្ញុំពូកែយកចិត្តគាត់ នៅពេលឃើញគាត់ដើរមករក ខ្ញុំក៏ហក់តោងកគាត់ លិតដៃគាត់ ប្រលែងលេងជាមួយគាត់ គឺគាត់ស្រឡាញ់ខ្ញុំណាស់។ មានពីរដងនោះ គាត់បានវ៉ៃខ្ញុំ ព្រោះតែខ្ញុំសប្បាយបានចេញទៅក្រៅរបង ហើយភ្លេចខ្លួនគាត់ហៅហើយចូលមកផ្ទះវិញយឺត ក៏ត្រូវគាត់ស្តីអោយ ហើយវាយខ្ញុំពីរបីដំបងដែរ។ រឿងមួយទៀត នៅពេលមួយនោះ ខ្ញុំកំពុងតែរង់ចាំផ្លូវគាត់ត្រឡប់មកពីធ្វើការវិញ ឃើញដូច្នោះ ខ្ញុំបានស្ទុះទៅទទួលគាត់ដិយហក់តោងគាត់ និងលិតដៃគាត់ ដោយសង្ឃឹមគាត់នឹងសប្បាយចិត្តហើយលេងជាមួយខ្ញុំវិញ ប៉ុន្តែមានឯណា គាត់ស្រែកគំហកដាក់ខ្ញុំ ថែមទាំងទា់ខ្ញុំមួយជើងរហូតដល់ខ្ញុំត្រួលខ្ពោកនឹងដីស្រែកញ៉េកៗ។ ចំណែកគាត់វិញក្រោយពីបានទាត់ខ្ញុំមួយជើងយ៉ាងដំណំហើយ គាត់មិនខ្ចីមើលខ្ញុំទេ គាត់បានដើរចូលផ្ទះហើយបិទទ្វាលឺសូរតែគ្រាំង។

ឆ្កែព្រៃ៖ នៅពេលគាត់ធ្វើដាក់ឯងដូច្នោះ តើឯងខឹងគាត់ដែរឬទេ?

ឆ្កែស្រុក៖ អត់ទេ! បើទោះបីជាខឹងក៏មិនហ៊ានខឹងដែរ ព្រោះសន្តានរបស់ឆ្កែស្រុក ម្ចាស់ធ្វើអ្វីក៏ដោយគឺត្រូវរហូត។ ទោះបីជាម្ចាស់វាយយើងដោយគ្មានហេតុផល ក៏គាត់នៅតែត្រូវដែរ ព្រោះគាត់ទំនងជាខឹងមកពីណាពីណី។ ណាមួយទៀត គាត់ជាអ្នកចិញ្ចឹមខ្ញុំ អោយចំណីខ្ញុំ បើខ្ញុំខឹងគាត់ ខ្ញុំដើរចេញពីគាត់ តើធ្វើម្តេចខ្ញុំអាចរស់បានទៅ? មានគាត់នៅជាមួយគាត់ថែរក្សាខ្ញុំ ធ្វើខ្ញុំមានសាច់មានឈាម ធាត់ស្អាត។ គាត់ខឹងនោះក៏ម្តងម្កាលដែរ ហើយក្រៅពីវាយខ្ញុំ យ៉ាងច្រើនបំផុត គាត់បង្អត់បាយខ្ញុំ ប៉ុន្តែនោះមិនអីទេ ព្រោះជាតិជាសត្វឆ្កែ គឺត្រូវស្រឡាញ់និងដឹងគុណម្ចាស់ យកចិត្តម្ចាស់ ដើម្បីបានសុខស្រួល។

ឆ្កែស្រុកបានបន្តទៀតថា៖

ឆ្កែស្រុក៖ និយាយអញ្ចឹង ខ្ញុំចង់អោយសម្លាញ់ឯងទៅនៅជាមួួយខ្ញុំ ខ្ញុំធានាថាម្ចាស់ខ្ញុំនឹងស្រឡាញ់ឯង មើលថែឯង អោយអោយអាហារឯងសីុបានបរិបូរណ៏ ហើយឯងមិនបាច់នឿយហត់រកចំណី ឬត្រូវមានរបួសដោយសារការដណ្តើមចំណីគ្នាតទៅទៀតទេ។

ឆ្កែព្រៃ៖ អរគុណសន្តានចិត្តរបស់សម្លាញ់ណាស់ ប៉ុន្តែខ្ញុំមិនអាចធ្វើទៅបាននោះទេ។ សន្តានសត្វព្រៃគឺមិនអាចនៅជាមួយនឹងមនុស្សបានឡើយ ហើយប្រសិនជានៅបានមែននោះ ក៏វាមិនមែនជារឿងខ្ញុំប្រាថ្នានោះឡើយ។ ខ្ញុំត្រូវការសេរីភាព ជាជាងយកសេរីភាពរបស់ខ្ញុំទៅដូរជាមួយអាហារ។ នៅក្នុងព្រៃ ខ្ញុំមិនចាំបាច់ចាំផ្ទះអោយគេ ខ្ញុំមិនចាំបាច់ព្រូសផ្តល់ដំណឹងអោយគេ ខ្ញុំមិនចាំបាច់នឹងចាំតែយកចិត្ត  ខ្ញុំមិនចាំបាច់នឹងរង់ចាំគេមកវិញ។ ខ្ញុំចង់មានសេរីភាពជាង បើរកបានអាហារក៏ហូបទៅ បរកមិនបានក៏ហីទៅ បើថ្ងៃណាខ្ជិលទៅរកក៏ដេកខ្ជិលទៅ។ ខ្ញុំមិនចាំបាច់នឹងស្តាប់បង្គាប់អ្នកណាទាំងអស់ ហើយខ្ញុំក៏មិនចាំបាច់ក្លាយទៅជា ឩបករណ៏រំសាយកំហឹងរបស់គេដែរ ហើយខ្ញុំរិតតែមិនចាំបាច់រៀបឬករៀបពារអោយសមរម្យនោះ ក៏ទេដែរ។ ខ្ញុំត្រូវការសេរីភាពជាជាង ដុំអាហារដែលបានប្តូរដោយសេរីភាពនោះ។ សម្លាញ់ ខ្ញុំបានយល់និងដឹងអំពីសន្តានឆ្កែស្រុកដូចសម្លាញ់ណាស់ គ្មានឆ្កែស្រុកឯណាមួយដែលមិនដែលត្រូវម្ចាស់ស្តីគំហកដាក់ និងវាយដំដោយគ្មានហេតុផលនោះទេ។ បើទោះបីជាគេវាយដំយើងយ៉ាងណាក៏ដោយ ក៏យើងនៅតែចាត់ទុកថាគេត្រូវរហូត ព្រោះបើគ្មានគេ ឆ្កែស្រុកទាំងនោះនឹងត្រូវស្លាប់ដោយអត់អាហារ។

អាគី...អាគី...! សម្លេងម្ចាស់ឆ្កែស្រុកបានបន្លឺឡើងនៅកៀកនឹងកន្លែងដែលឆ្កែទាំង២បានជជែកគ្នា៖

ឆ្កែព្រៃ៖ នោះហ្ន! ម្ចាស់ឯងកំពុងតែរកឯងហើយ ឯងត្រឡប់ទៅរកម្ចាស់វិញចុះ។ យើងបែកគ្នាត្រឹមហ្នឹងចុះ!

ថាហើយ ឆ្កែព្រៃក៏បានធ្វើដំណើរមួយៗយឺតៗចូលទៅក្នុងស្រទាបអាប់ក្រាស់ឃ្មឹក ក្រោមក្រសែភ្នែកតាមសម្លឹងរបស់ឆ្កែស្រុកក្នុងអាការះងឿងឆ្ងល់។

និទានតាមការចងចាំនិងប្រែសម្រួលដោយបង វង្ស ភ័ក្តគីនី។ រឿងនេះ ខ្ញុំធ្លាប់បានអានវាតាំងតែខ្ញុំរៀនថ្នាក់ទី២ទី៣មកម្លេះ។ រឿងនេះបានដក់ជាប់នៅក្នុងខួរក្បាលខ្ញុំរហូតមក។

ជូនអ្នកទាំងអស់គ្នាអានកំសាន្ត និងទុកជាការពិចារណា៕

សូមអរគុណ